តេាះទៅលេងភ្នំបូកគោជាមួយខ្ញុំ!!!

October 3, 2015

កំពត​ជា​ខេត្ត​លំដាប់​លេខ​បី​របស់​ប្រទេស​កម្ពុជា​​ ដែល​មាន​ឆ្នេរ​សមុទ្រ​វែង​ជាង​គេ ហើយ​មាន​ព្រំ​ប្រទល់​ខាង​កើត​ជាប់​ប្រទេស​វៀតណាម​រហូត​ដល់​ខាង​ត្បូង​ជាប់​ឈូង​សមុទ្រ​ថៃ។ ខេត្ត​នេះ​មាន​ស្ថាបត្យកម្ម​បន្សល់​ពី​អាណានិគម​គួរ​អោយ​ចាប់​អារម្មណ៍ ការទាក់ទាញ​ពី​ទេសភាព​ធម្មជាតិ និង​វាល​ជនបទ​ដ៏​ស្រស់ស្អាត​ដែល​ធ្វើ​អោយ​ខេត្ត​នេះ​ជា​ខេត្ត​ដែល​គេ​ចូល ចិត្ត​ទៅ​ទស្សនា​បំផុត​ ទាំងប្រជាជនខ្មែរ និងបរទេស ។ ខេត្ត​កំពត​មាន​បរិយាកាស​ស្ងប់​ស្ងាត់ និងមាន​រមណីយដា្ឋនទាក់ទាញប្លែកៗ ទាំង​រមណីយដ្ឋាន​ប្រវត្តិសាស្រ្ត​និង​ធម្មជាតិ​ ដូចជា​ភ្នំបូកគោ, ឆ្នេរសមុទ្រកែប,​ ភ្នំកំពង់ត្រាច ,​ ទឹកឈូ​ និង​រមណីយដ្ឋានបង្កើតថ្មីជាច្រើនទៀត។ មួយក្នុង​ចំណោមនោះ ភ្នំបូកគោ​ ជារមណីយដ្ឋានធម្មជាតិដែលមាន​ប្រជាប្រិយភាព​ខ្លាំង​ ជាងគេដោយ​សារ​មាន​អាកាសធាតុ​ត្រជាក់​តំបន់​ភ្នំ និងទេសភាពស្រស់ត្រកាល​បំផុត ជា​ពិសេស​នៅ​ពេល​ចុះអ័ព្ទដែល​ពពកអណ្តែតទាបៗមកប៉ះនឹងរាងកាយ។ ទន្ទឹមនឹងនេះ ភ្នំបូកគោ ក៏មានអគារ​បុរាណៗបន្សល់ទុក និងទឹកធ្លាក់ពពកវិលសម្រាប់ងូតកំសាន្តផងដែរ។

ក្រលេកមើលប្រវត្តិអតីតកាល

ភ្នំបូកគោមានឈ្មោះជាផ្លូវការថា ឧទ្យានជាតិព្រះមុនីវង្ស។ ទីនេះ​គឺជាផ្នែក​មួយនៃជួរ​ភ្នំដំរីដែលសម្បូរទៅដោយព្រៃឈើ។ បូកគោ ជាពាក្យខ្មែរ ដែលសម្គាល់បូករបស់​សត្វគោ។ មូលហេតុដែលគេប្រើឈ្មោះនេះសម្រាប់ភ្នំនេះ ដោយសារ​តែទ្រង់ទ្រាយនៃភ្នំ​បូក​គោមើល​ទៅ​ដូចជាបូករបស់សត្វគោ។ ភ្នំបូកគោ មាន​កំពស់ ១០៧៥ ម៉ែត្រ មាន​អាកាសធាតុ​ត្រជាក់ សែន​មនោរម្យដែលត្រវបានរៀបចំ​ឡើងក្នុង​អំឡុង​ឆ្នាំ​ ១៩១៧ ជាកន្លែងសំរាក​លំហែ​កាយ​របស់ក្រុម​អាណា​និគម​​​បារាំង រួមមានសំណង់​លំនៅ​ដ្ឋាន សណ្ឋាគារ កាស៊ីណូ វិហារ​កាតូលិក វត្តអាម ទំនប់ទឹក អាងទឹក ស្ថានីយ៍អគ្គិសនី និងសំណង់​រដ្ឋបាល​​​មួយចំនួន​។​ ការរៀប​ចំហេដ្ឋា​រចនា​ស័ម្ពន្ធ​ជាទីក្រុង​នាសម័យនោះ បានធ្វើអោយបូកគោមានឈ្មោះល្បីល្បាញ​ក្នុងប្រទេស និង​ប្រទេសអឺរុបមួយចំនួន ។ ដោយសារ​សង្គ្រាម ក្រុង​បូកគោ​ត្រូវ​បានបំផ្លិច បំផ្លាញ និងបោះ​បង់​ចោលតាំងពីទសវត្សរ៍ឆ្នាំ ៧០ មកម្លេះ ដោយគ្មាន​ការថែទាំ និង​អភិវឌ្ឍន៍​ឡើងវិញធ្វើឱ្យ អាគារ លំនៅដ្ឋាន ព្រមទាំងហេដ្ឋារចនាសម័ន្ធទាំងអស់​នៅលើភ្នំនេះ ត្រូវបាក់បែក​ខូចខាត​ស្ទើរតែ​ទាំងស្រុង ។ មកដល់ឆ្នាំ ២០០៧ រាជរដ្ឋាភិបាល​កម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន សុខា អូតែល លើកគម្រោងវិនិយោគនៅ​ឧទ្យានជាតិ​ព្រះមុនីវង្ស បូកគោ ទំហំ ១៤០,០០០ ហ.ត រយៈពេល ៩៩ ឆ្នាំ ក្នុង​ការអភិវឌ្ឍន៍​​វិស័យ​ទេសចរណ៍ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ​របស់ប្រជាពលរដ្ឋ ។ សម្តេចតេជោ​ បានឱ្យ​ក្រសួង​បរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមសហការ​ជាមួយក្រុមហ៊ុន សុខាអូតែល ដើម្បី​ដាំដើមឈើអម​តាមមហា​វិថីនានាក្នុងផែនការ ១.០០០.០០០ ដើម ។ ម្យ៉ាងវិញទៀត សម្តេចបាន​ឱ្យ​ក្រសួង​បរិស្ថាន និង​អាជ្ញាធរពាក់ព័ន្ធរៀបចំ​កំណត់ព្រំប្រទល់​ឧទ្យានជាតិព្រះមុនីវង្ស បូកគោ និង​រមណីយដ្ឋាន ឋានសួគ៌បូកគោ ឱ្យបានត្រឹមត្រូវ ។​

បូកគោមានអ្វីទាក់ទាញខ្លះ?

គេ​សង្កេតឃើញថាភ្នំបូកនាពេល បច្ចុប្បន្ននេះ បានអភិវឌ្ឍយ៉ាងខ្លាំងគួរកត់សំគាស់ ផង។ ហើយអ្វីដែលថ្មីសំរាប់ភ្នំនេះ គឺសណ្ឋាគារ ផ្ទះល្វែង កាស៊ីណូ វារីអគ្គីសនី​ ផ្លូវធ្វើ​ដំណើរ​ឡើងទៅកាន់កំពូលភ្នំមានលក្ខណៈងាយស្រួល ខុសពីមុនដែល​ផ្លូវមាន​លក្ខណៈ​ពិបាក ធ្វើ​ដំណើរជាងពេលនេះខ្លាំងណាស់ ព្រោះមានដុំថ្មធំៗនៅពាសពេញផ្លូវ ។ បើយើងស្ថិត​នៅ​លើ​ភ្នំនេះ យើងអាចឃើញមានអ័ព្ទ ឬក៏យើងហៅបានថា ដុំពពក អណ្តែតទាបៗមកប៉ះនឹងរាង​កាយ ។ ​ទិដ្ឋិភាពនេះ ធ្វើអោយយើងមានអារម្មណ៍ដូចជាស្ថិត​នៅពិភព​ផ្សេងមួយទៀតក្រៅ ពីភពផែនដី។​ ពេលវេលា​ដែលល្អបំផុតសម្រាប់ដំណើរ​កំសាន្តគឺនៅ​ចន្លោះ​ពីខែ វិច្ឆិកា ដល់ខែ កុម្ភៈ ជាពេលដែល​អាកាសធាតុត្រជាក់បំផុត​អាចមាន​កម្រិតទាប​ជាងដប់អង្សារនាពេលល្ងាច និងសំបូរដោយពពក។ ទីនេះគឺជាឋាន​សួគ៌​ដ៏ត្រជាក់​ស្រស់ត្រកាលគួរ​ឲ្យ​ទាក់ទាញនៅ​កម្ពុជា។​ ពពក​ដែលគ្របដេរដាស នឹងធ្វើឱ្យលោកអ្នកភ្ញាក់ផ្អើល និង​មិនគួ​រឲ្យ​ជឿថា អាចប៉ះ​បានយ៉ាងងាយស្រួលបែបនេះសោះ។ ចំណែកឯទឹកធ្លាក់ពពកវិលវិញ មានពពកវិលកួចចុះ កួចឡើងឥតឈប់ឈរ ហើយមានទឹកធ្លាក់​គ្រប់ពេល និង មានចុះអ័ព្ទលើទឹកជ្រោះ ហាក់បីដួច​ជាឋានសួគ៌យ៉ាងដូច្នោះដែរ។ ទឹកធ្លាក់ពពកវិលគឺជា​ទឹកធ្លាក់​ដែលមានពីរថ្នាក់ និង មានទឹក​ត្រជាក់អាចហែលលេងបានដោយរីករាយ រួមផ្សំ​ជាមួយពន្លឺដ៏ស្រស់បំព្រងនៃធម្មជាតិ។ ទឹក​ធ្លាក់ខាងលើមានកម្ពស់ប្រមាណ ១៥ម គឺជាកន្លែង​ដ៏ល្អសម្រាប់ការហែលទឹកលេងកំសាន្ត ហើយទឹកធ្លាក់ខាងក្រោមមានកម្ពស់ប្រមាណ ១៨ម។ ទឹកធា្លក់នេះនឹងបញ្ចេញនូវភាព​ស្រស់​ស្អាត​ជាមួយនឹងទិដ្ឋភាពដ៏ស្រស់ត្រកាលរបស់ខ្លួននៅក្នុងរដួវវស្សា (ពីខែមិថុនា ដល់តុលា)។ កាស៊ីណូ &​រមណីយដ្ឋានបារាំង​គឺជាអគារ​ដែលមានក្បាច់រចនាបែបស្ថាបត្យកម្មបារាំង​បុរាណ​​ដ៏ស្រស់ស្អាត ដែលបានឆ្លុះបញ្ចាំងអំពីសម័យរីកចម្រើន និង រុងរឿងរបស់ជនអាណា​និគម​បារាំង​ដែលមកតាំងទីលំនៅនៅកម្ពុជា។ រមណីយដ្ឋាននេះចាប់ផ្តើមស្ថាបនាក្នុងឆ្នាំ 1917 និងបានបញ្ចប់ក្នុងឆ្នាំ 1925 សម្រាប់អភិជនបារាំង ដើម្បីគេចពីភាពអាប់អួរពីរាជធានី​ភ្នំពេញ​។ សណ្ឋាគារ និង កាស៊ីណូបុរាណបូកគោគឺជារមណីយដ្ឋានមួយស្ថិតនៅចំកណ្តាលដ៏សំខាន់​​​​ ដែលអមទៅដោយហាង, ការិយាល័យប្រៃសណីយ៍, ព្រះវិហារគ្រិស្ត និង រាជដំណាក់។ ព្រះវិហារកាតូលិកបុរាណ ក៏ជាកន្លែងមួយ ទៀតដែលអ្នកគួរតែទស្សនា។ ព្រះវិហារ នេះត្រូវ​បានកសាងឡើងដោយជនជាតិបារាំងនៅដើមទសវត្សរ៍ឆ្នាំ ១៩២០ ជាផ្នែកមួយនៃបុរីបារាំង​លើភ្នំបូកគោ។ ការតុបតែងខាងក្នុងនៃព្រះវិហារនៅស្ថិតស្ថេរ​នៅ​ឡើយ និងមើលទៅគួរឲ្យ​ស្ងប់ស្ងែងជាខ្លាំង។ នៅខាងក្នុង យើងនឹងអាច​ឃើញ​​មាននូវបំណែក​កែវតូចៗ​តាំងជាប់នឹង​បង្អួច និង ទីសក្ការៈបូជាដែលនៅមានសភាពល្អដដែល ដូចជានៅកាលពីអតីតកាលអញ្ចឹង។​ប្រហែល ២៥០ម នៅភាគពាយព្យនៃព្រះវិហារកាតូលិក មានផ្លូវមួយនាំលោកអ្នកទៅកាន់​ក្លោង​ទ្វារ​កំពូលបីនៃវត្តសំពៅប្រាំ ដែលនៅក្បែរនោះ​មានផ្ទាំង​ថ្មមើលទៅដូចជាសំពៅ។ វត្តនេះ​ត្រូវបានកសាងឡើងដោយព្រះបាទមុនីវង្ស ក្នុងឆ្នាំ ១៩២៤ ដែលផ្តល់នូវទិដ្ឋភាពដ៏ធំ​អស្ចារ្យ​​នៃព្រៃស្រោង​ ដែលលាតសន្ធឹងដល់ឆ្នេរសមុទ្រខាងក្រោម រួមបញ្ចូលទាំងកោះត្រល់ ដែលបច្ចុប្បន្នជារបស់វៀតណាម។ នៅខាងក្នុងព្រះវិហារ លោកអ្នកនឹងឃើញគំនូរពុទ្ធប្បវត្តិ​ដ៏ស្រស់ស្អាតនៅតាមជញ្ជាំងដែលមានអាយុប្រមាណជិត ៩០ ឆ្នាំហើយ! រឿងនិទានវត្ត​សំពៅ​ប្រាំ រឺហៅថាវត្តទូកប្រាំបានកើតឡើងជាយូរលង់ណាស់មកហើយ ដែលកាលនោះមានស្តេច​មួយ​អង្គ​ព្រះនាម ព្រះថោង ហើយបិតាព្រះអង្គមានចិត្តលំអៀងមកលើព្រះអាណុច​ដោយសុំ​អោយទ្រង់ប្រគល់អ្វីៗទាំងអស់ទៅអោយព្រះអាណុចរបស់ព្រះអង្គ។ រឿងដែលបានកើតឡើង​ទាំងអស់​នេះបានធ្វើអោយព្រះអង្គអាក់អន់ហឬទ័យ ព្រះថោងក៏បានសំរេចចិត្តចាកចេញ​ពីនគររបស់ខ្លួន​ហើយបាន​ ធ្វើដំណើរទៅគ្រប់ទីកន្លែងហើយជាមួយនឹងដំណើរផ្សងព្រេងនេះ ព្រះអង្គក៏បានប្រទះឃើញដើមធ្លកដ៏ធំអស្ចារ្យមួយដើម។ ដើមធ្លកនេះមានផ្លែជាច្រើនដែលមិន​អាច​សោយ​បាន ប៉ុន្តែគេអាចយកផ្លែនេះធ្វើជារបស់ការពារទូកមិនអោយជ្រាប​ទឹក​បាន។​ដោយ​ហេតុដូចនេះ​ បានធ្វើអោយគ្រាប់នេះក្លាយជាតំរូវការដ៏ចាំបាច់របស់ព្រះអង្គ​ព្រះថោង​នៅ​គ្រា​នោះ។​ដូច្នេះព្រះអង្គបានបញ្ជាអោយបរិវាររបស់ព្រះអង្គ ​ទៅបោះជំរុំ​នៅក្បែរដើមឈើ​នោះ។ នៅក្នុងព្រឹកថ្ងៃបន្ទាប់ នាពេលព្រះអាទិត្យរះ ព្រះថោងបានដើរក្រយាតាមឆ្នេរខ្សាច់​ហើយបានប្រទះឃើញ​ទេពធីតា​មួយក្រុម​ កំពុងស្រះស្រង់ទឹកនៅមាត់សមុទ្រ ហើយទេពធីតា​ដែលមានសំរស់ស្រស់ស្អាតដែលធ្វើអោយព្រះអង្គពេញព្រះហទ័យ នឹងលង់សំរស់នោះ​គឺ​ព្រះនាង ណាហ្គានិ (ព្រះនាង នាគ) ។ ហើយបន្ទាប់មកទ្រង់ទំាងពីរអង្គក៏បានចាប់ចិត្ត​ហទ័យគ្នា​ទៅវិញទៅមកនៅក្នុងគ្រានោះតែម្តង ដោយហេតុដូចនេះព្រះអង្គបានសុំអោយ​ព្រះនាង ណាហ្គានិនាំទ្រង់អោយចូលគ័លព្រះបិតារបស់ព្រះនាង​ដើម្បីសុំការអនុញ្ញាតរៀប​អភិសេក បានលឺដូចនេះព្រះនាងក៏បានទត​ ទៅព្រះនេត្រទាំងសងរបស់ព្រះអង្គ​ហើយ​និយាយទៅកាន់​ព្រះអង្គយ៉ា​ងទន់ភ្លន់ថា “សូមព្រះអង្គតោងកន្ទុយខ្ញុំម្ចាស់មក “បន្ទាប់មក​ព្រះនាងក៏បាននាំព្រះអង្គចូលទៅក្នុងសមុទ្រយ៉ាងជ្រៅដើម្បីចូលគ័លព្រះបិតារបស់ព្រះនាង។ហើយស្តេចនាគបានពេញព្រះរាជហឬទ័យយ៉ាងខ្លាំងនឹងព្រះថោងហើយក៏យល់ព្រមអោយព្រះអង្គទាំងពីររៀបអភិសេកផងដែរ។ បន្ទាប់ពីព្រះអង្គបានរស់នៅក្នុងអាណាចក្រសេ្តចនាគ​បានរយះពេល៧ថ្ងៃមក ព្រះអង្គព្រះថោងគិតចង់ផ្លាស់ប្តូរទីកន្លែង​ដោយចង់មាននូវ​ព្រះរាជ​នគរ​ ជារបស់ព្រះអង្គ ដែលអាចគយគន់នូវទេសភាពនៃពិភពខាងក្រៅ​ជាមួយនឹងព្រះមហេសី​ដែលទើបនិងរៀបអភិសេករបស់ព្រះអង្គ។ស្តេចនាគ ​មិន​ត្រឹមតែជូនពរជ័យប៉ុណ្ណោះទេ ទ្រង់ក៏បានប្រទាននូវទូកក្តោងធំចំនួន៥ដែលជាវត្ថុដ៏មានតំលៃសំរាប់ជាចំណងដៃដល់ព្រះអង្គទាំងពីរផងដែរ។ ដំណើរផ្សងព្រេងនៃគូរអភិសេកថ្មី រួមជាមួយនឹងផ្កា ៥០០ដ៏ស្រស់ស្អាត ក៏បាននាំព្រះអង្គទាំងពីរ​មកដល់វត្តសំពៅប្រាំ​ដែលមានទីតាំង​ នៅលើភ្នំបូកគោសព្វថ្ងៃនេះ ហើយក៏ជាកន្លែងដែលព្រះអង្គព្រះថោងបានកសាងនូវព្រះរាជនគរផងដែរ។អ្វីដែលរឹតតែអស្ចារ្យនោះ ព្រះអង្គគឺជាមនុស្សម្នាក់ដែលគេទទួលស្គាល់ថាជាមហាបិតានៃវប្បធម៌ខ្មែរ។​ដ៏រាប​កាលយូរលង់ទៅ ទឹកក៏ប្រែជារីងស្ងួតអស់ ហើយដីដំបូកនិងទូកក្តោងធំៗ​ទាំងប្រាំក៏បាន​ប្រែ​ក្លាយទៅជាថ្មផងដែរ។ រឿងនិទាននេះគឺជាប្រវត្តរឿងព្រេងនៃវត្តសំពៅប្រាំ ហើយក៏ជាប្រវត្តិ​រឿងមួយដែលមិនមានអ្នកណាបានលឺពីអ្នកដែលទស្សនានៅភ្នំបូកគោឡើយ។
ជាការពិតណាស់ ភ្នំបូកគោពិតជាមានកន្លែងកំសាន្តដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន​ដើម្បីបំពេញគ្រប់តម្រូវការភ្ញៀវទេសចរណ៌ ។ សម្រាប់អ្នកដែលចូលចិត្តប្រវត្តិសាស្ត្រ អាច​ទស្សនាកន្លែងទេសចរណ៍បែបប្រវត្តិសាស្ត្រ ដូចជា កាស៊ីណូបារាំង ព្រះវិហារកាតូលិកបារាំង វត្តសំពៅប្រាំ។ រីឯអ្នកដែលស្រឡាញ់ធម្មជាតិ អាច​ទស្សនាទេសភាពចម្រុះ នៃព្រៃភ្នំ សត្វព្រៃ​ដ៏សម្បូរបែប ​ ងូតទឹកកំសាន្តនៅ​ទឹកធ្លាក់ពពកវិល​ អមដោយខ្យល់អាកាសត្រជាក់​បរិសុទ្ធ​​ និងចំហាយត្រជាក់នៃពពក​សក្បុស ដែលអណ្តែតមកប៉ះ​កាយរបស់អ្នក ។ ទន្ទឹមនឹងបច្ចុប្បន្ន នេះ បូកគោត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន សុខា អូតែល អោយមានជាសណ្ឋាគារ ភោជនីយ​ដ្ឋាន និងកន្លែងកំសាន្តទំនើបៗទៀត នៅថ្ងៃអនាគត​គេបានរំពឹង ទុកថាភ្នំនេះនឹងក្លាយទៅជា​ក្រុងមួយដែរគេអោយឈ្មោះថា ទីក្រុងអាកាស ហើយទីក្រុងនេះនិង អាចទាក់ទាញភ្ញៀវ​ទេសចរ ជាតិ និងអន្តរជាតិបានយ៉ាងច្រើនលើសលប់។

Advertisements

ស្រលាញ់គ្នាបែបណា កុំឲ្យឆាប់បែក!!!

October 3, 2015

រវាងបុរសនិងនារី ទំនាក់ទំនងត្រូវបែងចែកជាច្រើនប្រភេទ។ ទំនាក់ទំនងជាមិត្តភក្តិ ​ទំនាក់ ទំនងជាគូស្នេហ៌ ប្ញគូសង្សារ និងទំនាក់ទំនងជាគូស្វាមីភរិយា។ វាមិនមែនជាបញ្ហាទេ ប្រសិនបើអ្នក ទើបតែស្ថិតនៅក្នុងទំនាក់ទំនងជាមិត្តភក្តិ ព្រោះអ្នកនឹងមិនមានការប្រច័ណ្ឌខឹងធុញទ្រាន់ ប្ញក៏មិន ពេញចិត្តគ្នាច្រើនឡើយ។ អ្នកគ្រាន់តែយូរៗជួបគ្នាម្តងៗ និង​ចែករំលែក ប្ញក៏ពិភាក្សាគ្នា តាមលក្ខណៈ ជាមិត្តភក្តិ។ បើមានអន់ចិត្តគ្នាបន្តិចបន្តួច​ យូរៗទៅក៏រសាយដោយឯកឯង។ បញ្ហាច្រើនតែ កើតមាន ចំពោះទំនាក់ទំនងជាគូស្នេហ៌ និងស្វាមីភរិយា។​ អ្នកអាចនឹងចាប់ផ្តើម​ដោយផ្អែមល្ហែម និងពោរពេញ ដោយភាពល្អឥតខ្ចោះ។ ប៉ុន្តែបន្តិចៗម្តងៗ​អារម្មណ៌បែបនោះនឹងចាប់ផ្តើម​​រសាយបាត់ទៅ​​​ជំនួសវិញ ដោយភាពសោះអង្កើយនិងការខឹងឈ្លោះមិនសមហេតុផល។​នៅពេលនេះ​អ្នកអាចនឹង ចាប់ផ្តើម មើល ឃើញនូវចំណុចមិនល្អរបស់ដៃគូ ដែលអ្នកតែងតែមើលរំលងនៅដំណាក់កាលចាប់ផ្តើមដំបូង។ ការ ណាត់ជួបដ៏សែនរំភើបដែលអ្នកធ្លាប់ទន្ទឹងរង់ចាំស្ទើរតែគេងមិនលក់​ពេញមួយយប់ បានប្រែក្លាយ ជា ការណាត់ដ៏ធម្មតាដែលអ្នកស្ទើរតែមិនបានចាប់អារម្មណ៌។ នៅដំណាក់កាលនេះហើយ ដែលគូ​ស្នេហ៌​ភាគច្រើនតែងតែសម្រេចចិត្តបែកគ្នាដើរផ្លួវថ្មីរៀងខ្លួនៗ ដោយយល់ថា បើរស់នៅមិនចុះសម្រុងគ្នា ទោះជាទ្រាំបន្តទៀតក៏មិនមានលទ្ធផលដែរ។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថា​ តាមពិត ដំណាក់កាល​មួយ​នេះៗតែងតែកើតមានចំពោះទំនាក់ទំនងគូស្នេហ៌គ្រប់ៗរូប។ បើទោះបីជាអ្នកទៅមានទំនាក់​ទំនង​ជាមួយអ្នកថ្មីណាម្នាក់ទៀត ក៏នៅតែត្រូវប្រឈមមុខនឹងបញ្ហានេះដូចគ្នា។ បើដូច្នេះ តើអ្នកនឹង​ចង់បន្ត​បែកគ្នាមួយហើយមួយទៀតប្ញក៏យ៉ាងណា? ជំនួសអោយការរត់គេច ហេតុអ្វីក៏អ្នកមិនព្យាយាមស្វែង រកវិធីល្អៗដែលអាចជួយរក្សាស្នេហារបស់អ្នកអោយនៅគង់វង្សបានរហូតដល់ថ្ងៃរៀបអាពាហ៌ពិពាហ៌។ ដើម្បីជាការចែករំលែកដល់ប្រិយមិត្តអ្នកអាន នាងខ្ញុំ នឹងណែនាំជូននូវិធីសាស្រ្ត ៥ យ៉ាង​ដែលបានពីការស្រាវជ្រាវ ហើយអាចជួយរក្សាទំនាក់ទំនងអោយនៅតែល្អប្រសើរ បើទោះបីជាពេលវេលាកន្លងទៅយូរយ៉ាងណាក៏ដោយ។

កុំមើលរំលងការតុបតែងខ្លួន

កំហុសភាគច្រើនរបស់អ្នកជាគូស្នេហ៌ គឺតែងតែចាប់​ផ្តើមមិនសូវ​យក​ចិត្ត​ទុកដាក់លើការតុបតែងខ្លួនទៀតទេបន្ទាប់ពីមានគូស្នេហ៌។ អ្នកប្រហែលជាមិនទាន់ភ្លេចទេថា អ្នកមាន ការផ្ចិតផ្ចង់យ៉ាងណាខ្លះក្នុងថ្ងៃណាត់ជួបដំបូង។ អ្នកប្រហែលជាចំណាយពេល​យ៉ាងយូរល​សម្លៀក​បំពាក់មួយឈុតហើយមួយឈុតទៀត ដើម្បីប្រាកដចិត្តថាឈុតមួយនេះពិតជា​ធ្វើអោយអ្នកមើល​ទៅ​ស្រស់ស្អាតលេចធ្លោនៅចំពោះមុខដៃគូ។ អ្នកក៏ប្រហែលជាទៅធ្វើការតុបតែងមុខ សក់ លាបក្រចក យ៉ាងស្រស់ផូរផង់។ ផ្ទុយទៅវិញ អ្នកនឹងចាប់ផ្តើមខ្ជីរខ្ជារក្នុងការបន្តធ្វើបែបនេះ​ខណៈពេល​ដែលបាន​ក្លាយជាគូស្នេហ៌នឹងគ្នាហើយ។ ពេលខ្លះអ្នកស្ទើរតែចេញទៅជួបគេក្នុងសម្លៀកបំពាក់នៅផ្ទះ​និងមិន​មាន​តុបតែងមុខសោះក៏មាន។ អ្នកមិនខុសពីនាងស៊ិនដឺរ៉េឡា ដែលប្រែក្រឡាខ្លួនពីព្រះនាង​ដ៏ស្រស់​ស្អាតទៅជានារីកំសត់បន្ទាប់ពីផុតម៉ោង ១២​ ​យប់នោះទេ។ បើចំពោះបុរសវិញ ស្ទើរតែអាចចេញមក​ជួបនាងក្នុងសម្លៀកបំពាក់ហាត់កីឡាក៏មានដែរ។ អ្នកប្រហែលជាយល់ថា មិនដឹងជាខំតែង​ខ្លួនធ្វើអី​ទៀតទេ ទោះយ៉ាងណាក៏យើងមានសង្សារដែលស្រលាញ់យើងស្រាប់ហើយ។ វាជារឿងខុសឆ្គងមួយ​ប្រសិន បើអ្នកពិតជាមានគំនិតបែបនេះ។​ មិនថាអ្នកមាន ប្ញក៏មិនទាន់មានគូស្នេហ៌នោះទេ អ្នកនៅតែ​ត្រូវការតុបតែងខ្លួនអោយស្រស់ស្អាតនិងមានមន្តស្នេហ៌គ្រប់ពេលវេលា។ គូស្នេហ៌របស់អ្នកនឹង​ពោរពេញ​ដោយមោទនភាព នៅពេលដែលបណ្តើរអ្នកហើយ​មានអ្នកដទៃតាមមើលនិងស្ងើចសរសើរ អ្នក​មិនដាច់ពីមាត់។ អ្នកក៏ប្រហែលធ្លាប់លឺពីពាក្យដំណាលពីធម្មជាតិបុរសៗហើយថា ទោះបីជាអាយុ​ចំណាស់ណាក៏ដោយ ក៏នៅ​តែស្រលាញ់ស្រីស្អាតដែរ។ វាមិនមែនជារឿងពិបាកទេ​ក្នុងការរក្សាភាព​ស្រស់ស្អាតរបស់ខ្លួននៅចំពោះមុខគូស្នេហ៌។ អ្នកមិនចាំបាច់ត្រូវតែតុបតែងខ្លួនលេចធ្លោ​ជ្រុលពេកដូច​ជាតារាបង្ហាញម៉ូដនោះទេ។ អ្នកគ្រាន់តែយកចិត្តទុកដាក់ជ្រើសរើសសម្លៀកបំពាក់ដែលទាន់សម័យ ថែរក្សាសម្បុរស្បែកដងខ្លួន និងផ្ទៃមុខអោយស្រស់ថ្លា​ម៉ដរលោង។ ផ្ទៃមុខគួរតែមានការតុបតែង ស្រាលៗបែបធម្មជាតិ​ ព្រោះវាអាចជួយបង្កើនមន្តស្នេហ៌របស់អ្នកបានមួយកម្រិតបើប្រៀបធៀបនឹងផ្ទៃ មុខដែលមិនមានការតុបតែងសោះ។ ចំពោះក្លិនខ្លួនគប្បីមានភាពក្រអូបជាប់ជានិច្ច ដើម្បីធ្វើអោយ គូស្នេហ៌មានអារម្មណ៌ល្អ និងកាន់តែចង់នៅក្បែរអ្នក។

ទទួលស្គាល់ភាពខុសគ្នា

មិនមានអ្នកណាដែលអាចមានចិត្តគំនិតដូចគ្នាទាំងស្រុងនោះទេ។ យើង ​ម្នាក់ៗ​បានចាប់កំណើត​និងត្រូវបានចិញ្ចឹមឡើងនៅក្នុងគ្រួសារផ្សេងគ្នា។ ម្យ៉ាងភាពជាមនុស្សស្រី​និងមនុស្សប្រុសគឺត្រូវបានកំណត់អោយមានភាពខុសប្លែកគ្នារួចជាស្រេចហើយ។ វាមិនមែន​ជារឿង​ហួស ហេតុពេកទេដែលគូស្នេហ៌នារីចង់ទស្សនាខ្សែភាពយន្តមនោសញ្ចេតនា ឯខាងបុរសបែរជាចង់ ​ទស្សនាកីឡានោះ។ នារីភាគច្រើនចូលចិត្តនិយាយខុសពីចិត្តខ្លួនឯង​ខណៈពេល​ដែលបុរស​ចូលចិត្ត​ឃើញអ្វី​និយាយហ្នឹង។ ដូច្នេះហើយទើបមានអ្នកនិពន្ធជនជាតិបរទេសម្នាក់​បាននិយាយថានារី​មកពី​ភពអង្គារ៌ ឯបុរសគឺមកពីភពសុក្រ។ កាន់តែទាក់ទងគ្នាយូរ​អ្នកនឹងមើលឃើញចំណុច​ខុសគ្នាកាន់តែ​ច្រើនឡើង ព្រោះអ្នកកាន់តែស្គាល់គ្នាច្បាស់មួយថ្ងៃបន្តិចៗ។ ប៉ុន្តែបើអ្នកពិតជាស្រលាញ់គ្នាមែន អ្នក គួរតែ​ព្យាយាមស្វែងយល់ពីចំណុចខុសគ្នាទាំងនោះ។ ​ប្រសិនបើវាមិនមែនជារឿងធ្ងន់ធ្ងរពេកទេ ហេតុអ្វីក៏អ្នកមិនព្រមកែតម្រូវខ្លួនឯងពីទម្លាប់ចាស់ប​ន្តិចដើម្បីមនុស្សដែលខ្លួនស្រលាញ់។

ភាពស្មោះត្រង់

នេះជាចំណុចសំខាន់ដែលមិនអាចខ្វះបានក្នុងទំនាក់ទំនងគូស្នេហ៌គ្រប់រូប។ ប្រសិនបើ​ទំនាក់ទំនងរបស់អ្នកខ្វះភាពស្មោះត្រង់ហើយ អ្នកនឹងគ្មានជំនឿចិត្តគ្រប់គ្រាន់​ដើម្បីបន្តដើរទៅមុខ​រួមគ្នា​នោះទេ។ តាមដែលយើងអាចដឹង បុរសភាគច្រើនចូលចិត្តមានទំនាក់ទំនង​លេងសើចជាមួយ​នារីដទៃ បើទោះបីជាខ្លួនមានគូស្នេហ៌ដែលស្រលាញ់និងចង់រៀបការជាមួយក៏ដោយ។ បញ្ហានេះអាច ធម្មតា​សម្រាប់បុរស​ប៉ុន្តែធម្មតាសម្រាប់នារីទេ។ មាននារីមិនច្រើនឡើយដែលចិត្តទូលាយព្រមអោយ​គូស្នេហ៌ខ្លួន​មានទំនាក់ទំនងជាមួយ​នារីផ្សេង។ បើទោះជាមានក៏ដោយសារតែគ្មានជម្រើសដែរ។ នារី​ណា​ក៏ដូចនារីណាដែរ សុទ្ធតែមានចិត្តប្រច័ណ្ឌនិងហួងហែងមនុស្សដែលខ្លួនស្រលាញ់។ អ្នកគួរតែដឹង​ថា​ ភាពសាវ៉ាមិនមែនជារឿងគួរអោយកោតសរសើរទេ ប្ញបង្ហាញថាបុរសនោះអស្ចារ្យនោះទេ។​ ពេល​ខ្លះ​ការលេងសើចអាចធ្វើអោយអ្នកជាប់ចំណងដោយមិន​ដឹងខ្លួននិងបាត់បង់មនុស្ស​ដែលខ្លួន​ស្រលាញ់​ពិតក៏ថាបាន។ តម្កល់ភាពស្មោះត្រង់ បង្កើនភាពជឿជាក់ចំពោះគ្នានឹងគ្នា អ្នកនឹង​មាន​អារម្មណ៌​ថា​ស្នេហា​របស់អ្នកពិតជាពោរពេញដោយភាពកក់ក្តៅ និងថ្លៃថ្នូរ។

បើកចិត្តទទួលស្តាប់

​យើងមានត្រចៀកពីរមាត់មួយ។ ដូច្នេះយើងគួរតែស្តាប់អោយបានច្រើន​ជាង​និយាយ។ យើងនឹងមិនអាចដឹងពីអារម្មណ៌ និងតម្រូវការរបស់គូស្នេហ៌បានទេប្រសិនបើយើងគិត​តែ​ចចេសនិយាយ និងមិនបើកចិត្តទទួលស្តាប់អ្វីដែលគេចង់ប្រាប់។ កំហុសរបស់មនុស្សស្រីភាគច្រើន​នៅពេលដែល​ប្រកាន់ចិត្តខឹងរឿងអ្វីហើយ តែងតែសំដែងនូវភាពឆេវឆាវមិនទទួលស្តាប់គ្រប់ហេតុផល​ ។ នាងចាត់ទុកថាគ្រប់​ពាក្យបកស្រាយសុទ្ធតែជាលេសដោះសារ។ កុំជឿជាក់លើអ្វីដែលអ្នកឃើញ និង​លឺពេក។​ ពេលខ្លះ​ការពិតវាអាចខុសពីអ្វីដែលអ្នកស្មានក៏ថាបាន។​អ្នកប្រហែលជា​មិនចង់អង្គុយ​ស្តាយក្រោយ បន្ទាប់ពីដឹងថា នារីដែលអ្នកបានប្រច័ណ្ឌថាមានទំនាក់ទំនងជាមួយគូស្នេហ៌​គ្រាន់តែជា​ប្អូនស្រី​ជី​ដូនមួយរបស់គេនោះឡើយ។ តែប្រសិនបើអ្នកពិបាកនឹងតាំងចិត្តដោះស្រាយ​នៅពេលដែល​ចិត្ត​កំពុងតែ​ខឹងខ្លាំងនោះ អ្នកអាចដកថយមួយជំហានរក្សាអារម្មណ៌អោយវិលមករកភាពស្ងប់សិនសឹម​ស្តាប់ពាក្យបកស្រាយរបស់គេក៏បាន។ ពេលនោះអ្នកនឹងអាចមានសតិគ្រប់គ្រាន់ក្នុងការបែងចែកថា ហេតុផលរបស់គេជាការពិតប្ញកុហក។​ ជៀសវាងកុំយកសាំងទៅចាក់លើភ្លើង។ កុំនិយាយសំដីណា​ដែលធ្វើអោយអ្នកនឹងស្តាយក្រោយបន្ទាប់ពីបញ្ហាបានបញ្ចប់នោះ។

កុំធ្វើការប្រៀបធៀប​

មនុស្សគ្រប់គ្នាស្អប់បំផុតគឺការប្រៀបធៀប។​ មនុស្សម្នាក់ៗមានចំណុចពិសេសៗ ដោយឡែកពីគ្នា។ បើអ្នកស្រលាញ់គេ អ្នកត្រូវទទួលយកចំណុចផ្ទាល់របស់គេ។ គូស្នេហ៌របស់អ្នក អាចមិនពូកែយកចិត្ត មិនពួកែលួងលោម ប្ញក៏ធ្វើអ្វីរ៉ូម៉េនទិក ប៉ុន្តែគេអាចជាមនុស្សប្រុសដ៏ស្មោះត្រង់​និងរឹងមាំដែលអ្នកអាចពឹងផ្អែកបានថ្ងៃអនាគត។ បើថ្ងៃនេះអ្នកកំពុងតែអង្គុយខឹងដែលគូស្នេហ៌​របស់​អ្នកមិនមានចរឹតដូចអ្វីដែលអ្នកចង់បាន វាជាកំហុសអ្នកខ្លួនឯងដែលកាលពីថ្ងៃមុន​មិនស្វែងយល់ ​​អោយបានច្បាស់មុននឹងព្រមទទួលគេជាគូស្នេហ៌។នារីខ្លះចូលចិត្តរអ៊ូនៅពេលដែលឃើញសង្សារអ្នក​ដទៃតែងតែចំណាយប្រាក់ទិញអំណោយផ្គាប់ផ្គុនគូស្នេហ៌គេ ឯគូស្នេហ៌របស់ខ្លួនបែរជាមិនយក​ចិត្ត​ទុកដាក់រឿងនេះសោះ។ អ្នកអាចមិនដឹងថា ជួនកាលគេកំពុងតែសន្សំប្រាក់ពីការចំណាយខ្ជះខ្ជាយ​ដើម្បីកសាងអនាគតជាមួយអ្នកទៅថ្ងៃក្រោយ​ក៏ថាបាន។